Friday, August 29, 2008
បញ្ហានៅស្រុកខ្មែរយើង
សព្វថ្ងៃនេះតាមស្រុកមួយចំនួនស្ទើរទូទាំងខេត្ដស្វាយរៀង មានកំណើនយ៉ាងឆាប់ រហ័សនៃអ្នកដែលប្រកបរបរដឹកដីដោយគោយន្ដ។ មុខរបរនេះពិតជាអាចធ្វើឲ្យពួកគាត់មានជីវភាពធូធារពិតប្រាកដមែន ក៏ប៉ុន្ដែបញ្ហានេះក៏ធ្វើឲ្យប៉ះពាល់ដល់មជ្ឈដ្ឋានទូទៅផងដែរដូចជា បំពុលរិយាកាស ងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ចរចរ ការរំខានដោយសម្លេង និងបង្កឲ្យខូចផ្លូវលំតែម្ដង។ ក្នុងឃុំសង្ឃ័រកំពុងតែកើនឡើងយ៉ាងព្រោងព្រាតពីបញ្ហានេះ។
ប្រភពពំត៌័មានសុំមិនបញ្ចោញឈ្មោះមួយបានឲ្យដឹងថា សព្វថ្ងៃនេះតាមផ្លូវលំក្បែរផ្ទះរបស់គាត់មានគោយន្ដបើកដឹកដីពី ១០-១៥គ្រឿងដែលគេដឹកដីទៅមកៗរៀងរាល់ថ្ងៃធ្វើឲ្យគាត់ធុញទ្រាន់ ខ្លាំងណាស់ មិនថាតែគាត់នោះទេសូម្បីតែអ្នកដទៃ ដែលរស់នៅក្នុងសហគមន៍ក៏មានការធុញទ្រាន់ដែរ។
ប្រភពនេះបានបន្ដទៀតថា នៅពេលមានអ្នកដំណើរធ្វើដំណើរតាមផ្លូវលំនេះម្ដងៗ គាត់ឮតែរអ៊ូរទាំថាផ្លូវនេះម្ដេចក៏រលាក់ខ្លាំងម៉្លេះ ខុសកាលពីមុនឆ្ងាយណាស់ ជាពិសេសគឺផ្លូវលំចូលវត្ដក្រសាំងជ្រុំតែម្ដង។
អ៊ំម្នាក់ដែលរស់នៅឃុំសង្ឃ័រនេះក៏បានឲ្យដឹងដែរថា មួយឆ្នាំៗភ្លឺស្រែនិងស្រូវដែលចាក់ចុះទៅស្រែគាត់ត្រូវរលាយហិន ហោចដោយសារតែគោយន្ដដឹកដីនេះ ហើយកន្លែងខ្លះត្រូវទឹកលិចធ្វើឲ្យពួកគាត់ពិបាក ក្នុងការធ្វើដំណើរទៅស្រែចំការខ្លាំងណាស់។
ព្រះតេជគុណ រាជ សុខ ព្រះគ្រូសូត្រស្ដាំគង់នៅវត្ដក្រសាំងជ្រុំបានមានសង្ឃដីកាថាផ្លូវដែល ខូចខាតច្រើនជាងគេគឺផ្លូវលំចូលវត្ដនេះឯង។ ផ្លូវនេះគឺជាកម្លាំងញើសឈាមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ដែលចូលរួមលើកផ្លូវនេះពីមុនផ្លូវូមានសភាពល្អធម្មតាទេ តែប៉ុន្មានឆ្នាំក្រោយមកនេះតាំងពីបង្កើតឲ្យមាន គោយន្ដដឹកដីនេះមកបានបង្កឲ្យផ្លូវលំនេះខូចខាតយ៉ាងដំណំ។
ព្រះអង្គបន្ដទៀតថា ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធធ្លាប់ជម្រាបទៅឃុំដែរ ហើយឃុំក៏បានចុះជួយដោះស្រាយបញ្ហានេះផងដែរ តែការដោះស្រាយបានស្ងាត់តែបន្ដិចសកម្មភាពនេះក៏កើតឡើងវិញដដែល ហើយច្រើនជាងមុនថែមទៀតផង។
ព្រះអង្គបានបន្ដទៀតថា ព្រះអង្គមិនហាមឃាត់មិនឲ្យគេបើកបរលើផ្លូវនេះទេ ព្រះអង្គគ្រាន់តែសុំឲ្យជួយថែរក្សាផ្លូវគ្នា ព្រោះជាផ្លូវយើងទាំងអស់គ្នា ប្រសិនជាដឹកហើយឃើញផ្លូវណាមានគំហុកសូមជួយចាក់ដីបំពេញវិញផង ពីព្រោះវាធ្វើឲ្យអ្នកដទៃពិបាកនៅក្នុងការធ្វើដំណើរ ជាពិសេសផ្លូវនេះជាផ្លូវចូលវត្ដផង តើមានពុទ្ធបរិស័ទ្ធណាគេចូលទៅធ្វើបុណ្យបើផ្លូវទៅវត្ដពិបាក អញ្ជឹងនោះ?
លោក ស៊ិន យ៉ុង ប្រធានក្រុមប្រឹក្សាឃុំសង្ឃ័របានឲ្យដឹងថា ឃុំបានចុះទៅអប់រំណែនាំនិងហាមឃាត់ច្រើនលើកច្រើនសារណាស់មកហើយ តែគេហាក់ដូចជាមិនស្ដាប់ទាល់តែសោះ ដោយពួកគេនិយាយផ្ដោតសំខាន់ទៅលើមេភូមិតែម្ដង គេថាកូនមេភូមិម៉េចក៏ដឹកបានចុះពួកគាត់ម៉េចក៏ដឹកមិនបាន។ នៅពេលឃុំណែនាំមេភូមិ មេភូមិឆ្លើយថា គេទិញគោយន្ដមកដើម្បីរកស៊ី បើហាមមិនឲ្យបើកលើផ្លូវឲ្យបើកលើអី? ហើយគេក៏បានបង់ពន្ធឲ្យរដ្ឋដែរ ។
លោកអ៊ំ ឈុន ផល្លី ជាក្រុមប្រឹក្សាឃុំម្នាក់ផងដែរនោះបានមានប្រសាសន៍ថា ឃុំមិនបានហាមឃាត់ក្នុងការដឹកដីនេះទេ ប៉ុន្ដែឃុំសំណូមពរថា បើអស់លោកដឹកក៏ដឹកចុះ តែសូមអស់លោកចាក់បំពេញកំហុកផង ក៏ប៉ុន្ដែពួកគេមិនបានធ្វើតាមការស្នើរបស់ឃុំនោះទេ។ បើសិនបញ្ហានេះនៅតែបន្ដនោះ ព្រះសង្ឃវត្ដក្រសាំងជ្រុំដែលបានខិតខំកសាងផ្លូវនេះប្រហែលជា ព្រះអង្គលែងធ្វើទៀតហើយ ដោយសារតែធ្វើ រួចគោយន្ដដឹកដីបំផ្លាញដដែល។
លោកអ៊ំក៏បានបន្ដទៀតថា ក្រុមប្រឹក្សាឃុំបានធ្វើការប្រជុំក្រុមមេភូមិរាល់ខែ ហើយឃុំបានលើកអំពីបញ្ហាគោយន្ដដឹកដីធ្វើឲ្យខូចផ្លូវលំដែរ ក៏ប៉ុន្ដែពួកគេមិនអនុវត្ដតាមគោលការណ៍ណែនាំរបស់ឃុំទាល់តែសោះ ហើយនៅតែបំពានដឹកកាន់តែច្រើនឡើងៗ ហើយលោកក៏បានសសើរដល់ភូមិព្រះទន្លេផងដែរ ដែលអាចអនុវត្ដបានតាមការស្នើសុំរបស់ឃុំ។ លោកអ៊ំក៏សូមសំណូមពរដល់អ្នករកស៊ីរបរនេះនៅភូមិធ្លក សូមអនុវត្ដតាមគោលការណែនាំរបស់ឃុំផង
Labels: បញ្ហាធ្វើស្រែដោយគោយន្ដ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment